រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យកចិត្តទុកដាក់លើក កម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និងញែកសំរាម សំណល់រឹង ទីប្រជុំជន ដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ដោយឡែកពីសំណល់រឹងដែលត្រូវបោះចោល ។
តាមសេចក្តីណែនាំ ស្តីពីការចាត់តាំងអនុវត្តទិវាអនាម័យបរិស្ថានជាតិ នៅរាជធានីភ្នំពេញ បានអោយដឹងថា អនុលោមតាមអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតទិវា អនាម័យបរិស្ថានជាតិ និងក្នុងគោលបំណងលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងជំរុញចលនា ពីប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមធ្វើអនាម័យកែលម្អ សោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និង មជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងសង្គមកម្ពុជាឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង ។
Leave a Reply